ដាក់ប្រកាស ដោយ ៖ សូរីតា | ខែសីហា 20, 2018

ទំព័រថ្មី

ការបើកទំព័រជំពូកថ្មីនៃជីវិត មានរឿងរ៉ាវជាច្រើនត្រូវរៀនសូត្រ ផែនការមួយគំនរធំត្រូវរៀបចំ។ ភ្លេចខ្លួនមួយថ្ងៃៗកន្លងទៅយ៉ាងរហ័ស ពេលខ្លះភ្លេចថាខ្លួនឯងមានផ្ទះមួយសម្រាប់ចែករំលែក និងកត់ត្រារឿងរ៉ាវមួយចំនួននៅទីនេះ។

ជីវិតគូរ ដែលមនុស្សស្រីភាគច្រើនប្រាថ្នាភាពរ៉ូមេនទិច អណ្តែតអណ្តូង ដូចក្នុងប្រឡោមលោក ឬរឿងភាគ។ ប៉ុន្តែសម្រាប់ពួកយើង ជីវិតគូរដែលសាមញ្ញ មានពេលវេលាសម្រាប់គ្នា រស់នៅយល់ចិត្ត និងមានអធ្យាស្រ័យយោគយល់គ្នា មានខន្តីអត់ធ្មត់ទើបជាសុភមង្គលពិតប្រាកដ។

មានច្រើនដងដែលពួកយើងមានគំនិតមិនដូចគ្នា ហើយរាល់លើកយើងតែងតែរំលឹកគ្នាថាមនុស្សពេញមួយផែនដីមានគំនិតខុសគ្នាទាំងអស់។ ដូច្នេះមានតែយើងរៀនស្តាប់ដោយចិត្ត ព្រមយល់ហេតុផលដោយសតិបញ្ញា រកផ្លូវមួយដែលព្រមព្រៀងថាល្អសម្រាប់យើងទាំងពីរទើបយើងអាចមានសេចក្តីសុខបាន។ ពួកយើងចាប់ផ្តើមកែប្រែចំនុចខ្លះមួយចំនួនដែលខ្លួនធ្លាប់មានដោយស្វ័យប្រវត្តិនៅពេលយើងឃើញថាការកែប្រែនោះល្អប្រសើរសម្រាប់ពួកយើងទាំងពីរ។

Advertisements
ដាក់ប្រកាស ដោយ ៖ សូរីតា | ខែកក្កដា 27, 2017

ថ្ងៃនេះ

ថ្ងៃនេះ អាចមិនមែនជាថ្ងៃដែលយើងទទួលបានលទ្ធផលមិនដូចជាអ្វីដែលយើងរំពឹងទុក យើងអាចនឹងមានអារម្មណ៍ហត់នឿយ អាចនឹងមានកូនចិត្តចង់បោះបង់។

ប៉ុន្តែ យើងសាកអង្គុយសម្រាកមួយភ្លែត គិតត្រឡប់ក្រោយបន្តិចមើល…

មុននឹងមានថ្ងៃនេះ យើងមានម្សិលមិញជាច្រើនថ្ងៃ ដែលយើងប្រឹងប្រែង យើងតស៊ូឆ្លងនូវឧបសគ្គមករាប់មិនអស់ ហើយក៏មានបញ្ហាខ្លះ យើងមិនទាំងដឹងថាត្រូវដោះស្រាយ ឬចាត់ចែងយ៉ាងណា ប៉ុន្តែយើងក៏ឆ្លងកាត់មកដល់ចំណុចនេះ។

ចំណុចដែលចាប់ផ្តើមពីសូន្យ ឬអាចក្រោមសូន្យក៏ថាបាន មកទល់ថ្ងៃនេះយើងបានដើររាប់ពាន់ជំហ៊ាន បានចំណាយកម្លាំងកាយ ចិត្ត និងប្រាជ្ញា ដែលស្តែងចេញនូវរាល់ភាពអត់ធ្មត់ ដែលពោរពេញដោយសុឆន្ទះ។

សុឆន្ទះដែលបានតាំងគោលដៅទុក ដោយការមានទំនុកចិត្តលើការសម្រេចចិត្តលើខ្លួនយើង ដោយមានការគាំទ្រពីមនុស្សដែលស្រលាញ់ និងជឿជាក់លើយើង។

គិតត្រឡប់ក្រោយតែប៉ុណ្ណេះ យើងប្រហែលជាបង្ហាញស្នាមញញឹមលើផ្ទៃមុខដោយមិនដឹងខ្លួន នោះហើយជាថាមពលពិសេសជម្រុញអោយដើរប៉ុន្មានជំហ៊ានទៀត នៅក្នុងថ្ងៃនេះ ហើយក៏បន្តដើរទៅមុខទៀត រហូតទទួលបានលទ្ធផលដែលយើងប្រាថ្នា។

ជូនពរអោយយើងទាំងអស់គ្នាមានស្មារតីប្រយុទ្ធដើម្បី គោលដៅជីវិតដែលយើងសុបិន។

ដាក់ប្រកាស ដោយ ៖ សូរីតា | ខែតុលា 13, 2016

មង្គលជីវិត

ជីវិតល្អប្រពៃជាក្តីប្រាថ្នារបស់មនុស្សរាល់គ្នា។
ប៉ុន្តែយើងម្នាក់ៗអោយអត្ថន័យ មង្គលជីវិតខុសៗពីគ្នា។

គំនិតសាមញ្ញរបស់ខ្ញុំ ជីវិតមានសុភមង្គលនៅពេលបានចែករំលែកសេចក្តីសុខទុក្ខជាមួយមនុស្សដែលយើងស្រលាញ់ និងមនុស្សដែលស្រលាញ់យើង។

វេលាដែលបានឆ្លងកាត់នៅជាមួយគ្នា មួយវិនាទីៗ ពិតជាមានតម្លៃ ទោះបីពេលខ្លះ មានកំហុសឆ្គង មានការយល់ច្រឡំ តែយើងក៏បើកចិត្តស្តាប់គ្នាទៅវិញទៅមក ទទួលយកហេតុផល ចេះអភ័យ ចេះកែប្រែ ដើម្បីមនុស្សជាទីស្រលាញ់។

ចុះអ្នកវិញ មង្គលជីវិត មានន័យយ៉ាងណា???

ដាក់ប្រកាស ដោយ ៖ សូរីតា | ខែវិច្ឆិកា 17, 2015

សន្តិភាព

ប៉ុន្មានថ្ងៃក្រោយ ការបាញ់រះ និងបន្ទុះគ្រាប់នៅប៉ារីស ពិភពលោកហាក់ជ្រួលច្របល់យ៉ាងខ្លាំង។

អ្វីដែលខ្ញុំឃើញ គឺសាមញ្ញជនទេដែលរងគ្រោះ រងគ្រោះព្រោះ បាត់បង់មនុស្សជាទីស្រលាញ់

រស់នៅក្នុងភាពភ័យខ្លាច តក់ស្លុត…!

ភាពសោកសង្រេង ទឹកមុខក្រៀមក្រំ ធ្វើអោយបេះដូងខ្ញុំឈឺ ឈឺចិត្តអាណិតសាមញ្ញជនដូចគ្នា។

ខ្ញុំបន់ស្រន់សូមអោយពិភពលោកមានសន្តិភាព ប្រជារស់នៅដោយសុខុដុម!!!

ដាក់ប្រកាស ដោយ ៖ សូរីតា | ខែសីហា 28, 2015

មាន់ និងគ្រាប់ពេជ្រ

ជាធម្មតាសត្វមាន់មិនដែលស្គាល់តម្លៃរបស់គ្រាប់ពេជ្រទេ។ ប្រសិនបើវាកកាយដីបានគ្រាប់ពេជ្រក៏ដោយ ក៏វាកាយចោលដែរ វាកាយរកតែសត្វល្អិត រឺគ្រាប់ស្រូវអង្ករ បាយ ដែលអាចជាចំណីរបស់វាតែប៉ុណោះ។

ទោះបីគ្រាប់ពេេជ្រមានតម្លៃប៉ុណ្ណាក៏ដោយ ក៏វាមិនខ្វល់ដែរ។

ដូច្នេះជាគ្រាប់ពេជ្រល្អ ទោះកប់ក្នុងដី ភក់ ក៏នៅតែអាចមានតម្លៃបាន ចំពោះជនណាដែលស្គាល់តម្លៃរបស់វា។

ប៉ុន្តែម្ចាស់របស់គ្រាប់ពេជ្រមានតម្លៃគឺ ១០០%មិនមែនជាសត្វមាន់!

«ទីប្រឹក្សាល្អ ត្រូវជ្រើសម្ចាស់ដែលឆ្លាតវៃ មិនមែនគ្រាន់តែប្រមូលមនុស្សមានចំណេះដឹងក្បែរខ្លួន ហើយមិនផ្តល់តម្លៃនិងសារៈសំខាន់ដល់គេនោះទេ!!!» (គួជា កំពូលទីប្រឹក្សាទាំង១០ក្នុងប្រវត្តិសាស្ត្រចិន)

Older Posts »

ចំណាត់ក្រុម