ដាក់ប្រកាស ដោយ ៖ សូរីតា | ខែតុលា 29, 2013

ឥទ្ធិពលស្នាមញញឹម

កាលពីថ្ងៃទី ២៣ ខ្ញុំបានទទួលសារអេឡិចត្រូនិចមួយពី International Mobility Office ស្តីពីការមកដល់របស់ General coordinator of the Areas program នៅថ្ងៃទី ២៨ ខែតុលានេះ។ ដោយសារថ្ងៃច័ន្ទ ខ្ញុំអត់មានកាលវិភាគ ដូច្នេះខ្ញុំបានផ្ញើសារតបទៅវិញ ថាខ្ញុំនឹងចូលរួមប្រជុំ។

រសៀលថ្ងៃនេះ ម៉ោងប្រហែលជា២រសៀល ខ្ញុំបានទៅដល់សាលា អង្គុយធ្វើកិច្ចការ ហើយរង់ចាំដើម្បីទៅចូលរួមប្រជុំនៅម៉ោង ៣ និង ៣០នាទីរសៀល។

កម្មវីធីជួបជុំ សំណេះសំណាល បានចាប់ផ្តើមតាមម៉ោងដែលបានគ្រោងទុក ប៉ុន្តែខុសពីការគិតរបស់ខ្ញុំ ដែលបានគិតថា Project Coordinator ច្បាស់ជានារីវ័យកណ្តាល ដែលមានមុខមាំ ប៉ុន្តែគាត់ជានារីវ័យប្រហែលជាង៣០ឆ្នាំ ក្នុងសំលៀកបំពាក់សាមញ្ញ និងស្នាមញញឹមយ៉ាងរាក់ទាក់។

ព្រោះគាត់ធ្លាប់បានអានឯកសារ នៅពេលយើងដាក់ប៊ួក ដូច្នេះ គ្រាន់តែជួបគ្នាភ្លាម ណែនាំខ្លួន គាត់ស្គាល់ទាំងឈ្មោះទាំងត្រកូល រឺមកពីឈ្មោះខ្ញុំខ្លីពេក ទើបគាត់ស្រួលចាំ រឺមកពីខ្ញុំជានិសិ្សតស្រីតែម្នាក់ក្នុងចំណោមនោះ???

ប៉ុន្តែយ៉ាងណា គាត់បានធ្វើអោយខ្ញុំមានអារម្មណ៍ស្និទ្ធស្នាល និងកក់ក្តៅតាំងពីវិនាទីដំបូងដែលឃើញស្នាមញញឹមគាត់។

គាត់ផ្តើមដោយ ពាក្យថា​ គាត់មានពេលវេលាតិចណាស់នៅទីនេះ ប៉ុន្តែគាត់សង្ឃឹមថាពេលវេលានេះនឹងផ្តល់ប្រយោជន៍ដល់យើងទាំងអស់គ្នា និងនិស្សិតជំនាន់ក្រោយ (គាត់ទើបតែចុះពីយន្តហោះ ហើយមកសាលាទាំងវ៉ាលីធ្វើដំណើររបស់គាត់ផង ហើយត្រូវត្រឡប់ទៅវិញនៅព្រឹកស្អែកបន្ទាប់ពីជួបថ្នាក់ដឹកនាំសាលា ដែលធ្វើការទាក់ទងនឹងកម្មវិធីនេះ)។

គោលបំណងសំខាន់ដែលគាត់មកជួបដោយផ្ទាល់បែបនេះ គឺគាត់ចង់ធ្វើបទសម្ភាសន៍ជាមួយនិស្សិតដែល កំពុងទទួលអាហាររូបករណ៍ AREAS នៅUPC ស្តីពី មូលហេតុដែលដាក់អាហារូករណ៍ ទុក្ខលំបាកដែលបានប្រទះលើទឹកដីថ្មី អ្វីដែលយើងរំពឹងទុក អ្វីដែលយើងកំពុងទទួលបាន និងការរំពឹងទុកនៅថ្ងៃអនាគតក្រោយបញ្ចប់ការសិក្សា និងសំណូមពរផ្សេងៗ ដើម្បីសំរួលអោយកម្មវិធីនេះកាន់តែមានភាពល្អប្រសើរ។

ដូចប្រកាសមួយដែលខ្ញុំទើបបានសរសេរប៉ុន្មានថ្ងៃមុន ស្តីពី «ព្រះអាទិត្យចម្លែក» ខ្ញុំគិតថាខ្ញុំច្បាស់ជាមុខក្រហមទៀតហើយ ពេលនិយាយនៅមុខកាម៉េរ៉ានោះ ប៉ុន្តែដោយសារស្នាមញញឹមរបស់គាត់ធ្វើអោយខ្ញុំភ្លេចអស់ភ័យ ហើយនិយាយបានរលូនល្អ បើទោះជារៀបចំភ្លាមៗក៏ដោយ។

នៅពេលបិទបញ្ចប់កម្មវិធិ គាត់បាននិយាយថា៖

អ្នកទាំងអស់គ្នាដឹងទេថា អ្នកទាំងអស់គ្នា ជាឯកអគ្គរាជទូត តំណាងស្ថាប័នសិក្សានៅប្រទេសអ្នក តំណាងប្រទេសអ្នក នៅក្នុងសាលានេះ ក្នុងទឹកដីមួយនេះ បទពិសោធន៍ដែលអ្នកបានឆ្លងកាត់ នឹងត្រូវចែករំលែកអោយអ្នកជំនាន់ក្រោយ។ ដូច្នេះខ្ញុំសូមអរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃរបស់អ្នកទាំងគ្នា ចូលរួមបទសម្ភាសន៍នេះ!

(ហាសហា រីកថ្លើមដល់ក បានក្លាយជាទូត ដោយមិនដឹងខ្លួន!​ ) 😀

Note: កំណត់ហេតុនេះសរសេរ ក្នុងការរំលឹកដល់ស្នាមញញឹមដ៏កក់ក្តៅរបស់ Mrs.  Bianca, General coordinator of the Areas program in the Politecnico di Torinoដែលបានធ្វើអោយខ្ញុំក្លាយជាមនុស្សធម្មតា(មិនបានក្លាយជាព្រះអាទិត្យចម្លែក បើទោះបីនិយាយនៅក្នុងទីសាធារណៈក៍ដោយ។

នេះជា«ឥទ្ធិពលស្នាមញញឹម»!!!


បញ្ចេញមតិ

ចំណាត់ក្រុម